តើ លោក អ្នក ដឹង ទេ សហរដ្ឋ អាមេរិក មានផ្ទៃ ដី ធំ ជិត ១០លាន គីឡូម៉ែត្រការ៉េ ដោយ សារ កត្តា អ្វី ខ្លះ?
ប្រទេស អាមេរិក កាល ពី ស្ថិត ក្រោម អាណានិគម អង់គ្លេស មាន រដ្ឋ ចំនួន ១៣ ស្ថិត នៅ ប្រប នឹង មហាសមុទ្រ អាត្លង់ទិក ហើយ ចាប់ ពី ពេល ទទួល បាន ឯករាជ្យ ពី អង់គ្លេស តាម សន្ធិសញ្ញា ក្រុង ប៉ារីស ឆ្នាំ១៧៨៣ ទឹក ដី របស់ សហរដ្ឋ អាមេរិក បាន រីក ធំ ជាង មុន បន្តិចម្ដងៗ រហូត ដល់ មាន ទំហំ ដី ប៉ុន ប្រទេស អាមេរិក សព្វថ្ងៃ។ មូលហេតុ ដែល នាំ ឲ្យ ទឹកដី អាមេរិក កាន់តែ ធំ បែប នេះ អាស្រ័យ ដោយ សារ កត្តា មួយ ចំនួន ដូច ជា ១-តាម រយៈ ការ ចរចា ទិញ ២-សន្ធិសញ្ញា ភ្ជាប់ ជា ឧបសម្ពន្ធ (annexation) និង កិច្ច ព្រមព្រៀង ប្រគល់ ទឹក ដី ឲ្យ អាមេរិក និង ៣-តាម រយៈ ការ ធ្វើ សង្គ្រាម ដណ្ដើម យក។
ខាងក្រោម នេះ ជា បញ្ជី ឈ្មោះ តំបន់ ដែល បច្ចុប្បន្ន ស្ថិត ក្រោម ដែន អធិបតេយ្យ ភាព របស់ អាមេរិក ហើយ ដែល អាមេរិក បាន ច្បាំង ដណ្ដើម យក ឬ ទិញ ពី បណ្ដា ប្រទេស ដទៃ។
កាល ពី ជំនាន់ មុន គេ អាច ទិញ -លក់ ទឹក ដី និង ធ្វើ សង្គ្រាម ដណ្ដើម យក ឬ អាង ខ្លួន ឯង មាន អំណាច ដើរ គំរាម ប្រទេស តូចៗ ឲ្យ ប្រគល់ ដី ឲ្យ ខ្លួន។ ប៉ុន្តែ ដោយ សារ វិវត្តន៍ នៃ សង្គម ពី ជំនាន់ នោះ និង បច្ចុប្បន្ន វា ខុសគ្នា គេ ជឿ ថា បណ្ដា ថ្នាក់ ដឹកនាំ ប្រទេស ទូទាំង ពិភពលោក នឹង មិន ទិញ ឬ លក់ ទឹក ដី របៀប នេះ ទេ។
១-រដ្ឋ លី្វសៀណា (Louisiana) : រដ្ឋ នេះ កាល ពី មុន ស្ថិត ក្រោម ការ គ្រប់ គ្រង របស់ ប្រទេស បារាំង ហើយ កាល ពី ឆ្នាំ១៨០៣ សហរដ្ឋ អាមេរិក បាន ទិញ រដ្ឋ នេះ ពី បារាំង ក្នុង តម្លៃ ១៥លាន ដុល្លារ កាល ជំនាន់ នោះ ស្មើ នឹង ជាង ២៣០ លាន ដុល្លារ បច្ចុប្បន្ន។ សន្ធិសញ្ញា ទិញ -លក់ រដ្ឋ ល្វីសៀណា មាន ចែង នៅ ក្នុង កិច្ច ព្រមព្រៀង Louisiana Purchase។ សព្វថ្ងៃ រដ្ឋ ល្វីសៀណា នៅតែ បន្ត ប្រើ ប្រព័ន្ធ ច្បាប់ Civil Law របស់ បារាំង ដដែល (ក្រៅ ពី នោះ រដ្ឋ ទាំង អស់ របស់ អាមេរិក ប្រើ ប្រព័ន្ធ ច្បាប់ Common Law របស់ អង់គ្លេស លើក លែង តែ រដ្ឋ ល្វីសៀណា មួយ ប៉ុណ្ណោះ ដែល នៅ បន្ត ប្រើ ប្រព័ន្ធ ច្បាប់ Civil Law របស់ បារាំង)។
២-រដ្ឋ ផ្លរីដា ខាង លិច (West Florida):កាល ពី ឆ្នាំ១៨១០ ប្រធានាធិបតី អាមេរិក លោក ជេមមេឌីសឹន (James Madison) បាន ប្រកាស ជា ផ្លូវ ការ ដើម្បី ដាក់ បញ្ចូល រដ្ឋ ផ្លរីដា ខាង លិច ជា ដែន អធិបតេយ្យ របស់ សហរដ្ឋ អាមេរិក។ រដ្ឋ នេះ កាល មុន នោះ ស្ថិត ក្រោម ការ គ្រប់ គ្រង របស់ ប្រទេស អេស្ប៉ាញ។
៣-រដ្ឋ ផ្លរីដា ខាង កើត (East Florida):យោង តាម សន្ធិសញ្ញា ឆ្នាំ១៨១៤ រវាង សហរដ្ឋ អាមេរិក និង ប្រទេស អេស្ប៉ាញ គឺ រដ្ឋាភិបាល អេស្ប៉ាញ ត្រូវ ប្រគល់ រដ្ឋ នេះ ទៅ ឲ្យ អាមេរិក។
៤-ការ ដាក់ រដ្ឋ តិចសាស់ ជា ឧបសម្ព័ន្ធ របស់ អាមេរិក: កាល ដើម ឡើយ រដ្ឋ តិចសាស់ ជា ប្រទេស ដែល មាន អធិបតេយ្យ ពេញ លេញ មាន ឈ្មោះ ជា ផ្លូវ ការ «សាធារណរដ្ឋ តិចសាស់ -The Republic of Texas»។ រដ្ឋាភិបាល នៃ ប្រទេស តិចសាស់ កាល ណោះ តែង តែ អន្ទោកអន្ទោល ចង់ ភ្ជាប់ ប្រទេស នេះ ឲ្យ ស្ថិត ក្នុង ដែន អធិបតេយ្យ របស់ សហរដ្ឋ អាមេរិក តែ ម្ដង។ នៅ ឆ្នាំ១៨៤៥ រដ្ឋាភិបាល អាមេរិក ក៏ យល់ ព្រម ភ្ជាប់ ប្រទេស តិចសាស់ ជា ដែនដី របស់ អាមេរិក (កាលណោះ រដ្ឋាភិបាល ម៉ិកស៊ីកូ គំរាម ថា ប្រសិនបើ អាមេរិក ហ៊ាន ភ្ជាប់ រដ្ឋ នេះ វា មាន ន័យ ស្មើ នឹង ប្រកាស សង្គ្រាម ជា មួយ ម៉ិកស៊ីកូ ប៉ុន្តែ អាមេរិក មិន ខ្លាច)។
៥-សម្បទាន ពី ប្រទេស ម៉ិកស៊ីកូ: អាមេរិក និង ប្រទេស ម៉ិកស៊ីកូ ធ្លាប់ ច្បាំង គ្នា ម្ដង ពី ឆ្នាំ១៨៤៦-១៨៤៨ ហើយ បាន បញ្ចប់ សង្គ្រាម នេះ តាម សន្ធិសញ្ញា Treaty of Guadalupe Hidalgo ដែល ប្រទេស ម៉ិកស៊ីកូ ត្រូវ តែ ទទួល ស្គាល់ ព្រំដែន អាមេរិក -ម៉ិកស៊ីកូ បច្ចុប្បន្ន ដោយ ក្នុង នោះ ម៉ិកស៊ីកូ បាន កាត់ ដី មួយ ចំណែក ដើម្បី ជា ការ ធ្វើ សម្បទាន ចំពោះ អាមេរិក។ ជា ថ្នូរ មកវិញ អាមេរិក បាន បង់ ប្រាក់ ១៥ លាន ដុល្លារ (ស្មើ នឹង ជាង ៣៨០ លាន ដុល្លារ បច្ចុប្បន្ន) ទៅ ឲ្យ ម៉ិកស៊ីកូ ដើម្បី ជម្រះ វិវាទ ឲ្យ ជ្រះ ស្រឡះ។
៦-រដ្ឋ អាឡាស្កា (Alaska) : រដ្ឋ អាឡាស្កា កាល ពី មុន ធ្លាប់ ស្ថិត ក្រោម ការ គ្រប់គ្រង របស់ «ចក្រភព រុស្ស៊ី -Russian Empire»។ នៅ ឆ្នាំ១៨៦៧ សហរដ្ឋ អាមេរិក បាន ទិញ ដែន ដី អាឡាស្កា ពី រុស្ស៊ី ក្នុង តម្លៃ ៧លាន ២សែន ដុល្លារ (ស្មើ នឹង ជាង ១២១ លាន ដុល្លារ បច្ចុប្បន្ន)។
៧-កោះ ហាវ៉ែ (Hawai): ហាវ៉ៃ កាល ដើម ឡើយ ជា ព្រះរាជាណាចក្រ ដែល មាន ម្ចាស់ក្សត្រី មួយ អង្គ សោយរាជ្យ ហើយ មាន ទំនាក់ ទំនង យ៉ាង ជិតស្និទ្ធ ជា មួយ សហរដ្ឋ អាមេរិក តាម រយៈ ការ ផ្សព្វផ្សាយ សាសនា និង ការ ធ្វើ ទំនាក់ ទំនង ពាណិជ្ជកម្ម។ ក្រោយ មក នៅ ឆ្នាំ១៨៩៣ ម្ចាស់ក្សត្រី ត្រូវ គេ ផ្ដួល រំលំ ពី រាជបល្ល័ង្ក ហើយ អ្នក ដឹក នាំ ថ្មី បាន សុំ ភ្ជាប់ ប្រទេស ហាវ៉ៃ ចូល ជា ដែន អធិបតេយ្យ របស់ សហរដ្ឋ អាមេរិក តែ ម្ដង។
៨-រដ្ឋ ញូម៉ិកស៊ីកូ និង រដ្ឋ អារីហ្សូណា: កាល ពី ឆ្នាំ១៨៥៣ សហរដ្ឋ អាមេរិក បាន ទិញ តំបន់ មួយ ក្បែរ ព្រំដែន អាមេរិក-ម៉ិកស៊ីកូ ក្នុង តម្លៃ ដប់ លាន ដុល្លារ ស្មើនឹង ជាង ២៨០ លាន ដុល្លារ បច្ចុប្បន្ន។ ការ ទិញ -លក់ នេះ មាន ចែង ក្នុង សន្ធិសញ្ញា Gadsden Purchase ហើយ ដែន ដី នោះ បច្ចុប្បន្ន ជា រដ្ឋ ញូម៉ិកស៊ីកូ និង រដ្ឋ អារីហ្សូណា។
អំពី ដែន ដី ដទៃ ក្រៅ ប្រទេស អាមេរិក ដែល អាមេរិក ធ្លាប់ គ្រប់គ្រង
សហរដ្ឋ អាមេរិក និង ប្រទេស អេស្ប៉ាញ ធ្លាប់ ច្បាំង គ្នា ហើយ បាន បញ្ចប់ សង្គ្រាម តាម រយៈ សន្ធិសញ្ញា ទីក្រុង ប៉ារីស (Treaty of Paris) ឆ្នាំ១៨៩៨ ដែល តាម សន្ធិសញ្ញា នេះ អេស្ប៉ាញ ត្រូវ ប្រគល់ ប្រទេស ហ្វ៊ីលីពីន ដែល កំពុង ស្ថិត ក្រោម ការ គ្រប់គ្រង របស់ អេស្ប៉ាញ ទៅ ឲ្យ ស្ថិត ក្រោម ការ គ្រប់គ្រង របស់ អាមេរិក វិញ ម្ដង។ ជា ថ្នូរ មក វិញ សហរដ្ឋ អាមេរិក បាន ប្រគល់ ប្រាក់ ២០លាន ដុល្លារ (ស្មើនឹង ៥៦៧ លាន ដុល្លារ បច្ចុប្បន្ន) ទៅ ឲ្យ អេស្ប៉ាញ។
អំពី ប្រទេស គុយបា
យោង តាម វិសោធនកម្ម Platt Amendment ឆ្នាំ១៩០១ ប្រទេស គុយបា បាន ចុះ ហត្ថលេខា លើ កិច្ច ព្រមព្រៀង ដើម្បី ជួល មូលដ្ឋាន ទ័ព ជើង ទឹក មួយ កន្លែង គឺ ឆក ហ្កាតាណាម៉ូ (Guantánamo Bay) ទៅ ឲ្យ អាមេរិក។ កិច្ច ព្រមព្រៀង នេះ នឹង នៅ តែ មាន សុពលភាព ជា បន្ត ទៀត ដរាប ណា អាមេរិក គោរព តាម កិច្ច ព្រមព្រៀង មួយ គឺ រក្សា ទុក ឆក ហ្កាតាណាម៉ូ ដូច កិច្ច ព្រមព្រៀង ដើម។ ឆក ហ្កាតាណាម៉ូ ធ្លាប់ ត្រូវ រដ្ឋាភិបាល អាមេរិក យក ធ្វើ ជា មណ្ឌល ឃុំ ឃាំង ក្រុម អាល់កៃដា៕
ប្រែ សម្រួល៖ អន សំអាង
ប្រភព៖ Wikipedia.org , Britannica Encyclopedia , Encarta Encyclopedia , nationalatlas.gov

No comments:
Post a Comment